សូមស្វាគមន៍មកកាន់គេហទំព័រសំរាប់តំបន់ទេសចរណ៍ដែលជាខេត្តសិ្ថតនៅជុំវិញបឹងទនេ្លសាបមានខេត្តបាត់ដំបង ពោធិ័សាត់ សៀមរាប កំពង់ឆ្នាំង និង កំពង់ធំ

កំពង់ឆ្នាំង


 ខេត្តកំពង់ឆ្នាំង
• ភ្នំរាប់បាត្រ
            ភ្នំរាប់បាត្រ ជាប្រភេទរមណីដ្ឋានវប្បធម៌ និង​ ធម្មជាតិ មានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ តាមផ្លូវជាតិលេខ ៥ មានចំងាយ ១២គម ពីទីរួមខេត្ត និង ១០៣គម ពីភ្នំពេញ។ តំបន់នេះ ប្រជាពលរដ្ឋក្នុងខេត្តចាប់អារម្មណ៍ ដោយសារ វាមានកូនភ្នំតូចៗ ប្រកបដោយធម្មជាតិ  ស្រស់បំព្រង និង ខ្យល់អាកាសល្អ។
            ភ្នំរាប់បាត្រ មានប្រវត្តិទាក់ទងទៅនឹងរឿងព្រេងខ្មែរ ដូចជា រឿងតាព្រេង និង មានរូបសំណាកបាត   ជើងតាព្រហ្ម។ នៅលើកំពូលភ្នំ មានវត្តមួយដែលជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋខ្មែរយើង នៅពេលមាន បុណ្យទានប្រពៃណីជាតិ។ ភ្នំរាប់បាត្រ គេអាចយកថ្មភ្នំធ្វើជាថ្មសំលៀងកាំបិតមុតល្អណាស់។
• ភ្នំសន្ទូច
            ភ្នំសន្ទូចជាប្រភេទរមណីដ្ឋានធម្មជាតិ មានទីតាំងស្ថិតនៅក្នុង ភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ តាមបណ្តោយផ្លូវលេខ ២៧ ដែលមានចំងាយ ៣គម ពីទីរួមខេត្ត និង ៩៤គម ពីភ្នំពេញ។ តំបន់នេះ
ប្រជាពលរដ្ឋចូលចិត្តទៅកំសាន្តដោយមានផ្ទាំងថ្មធំៗច្រូងច្រាងដែលមានតំណាលទាក់ទងទៅនឹងរឿងព្រេងខ្មែរ។
            នៅទីនេះមានធម្មជាតិស្រស់បំព្រងសំរាប់ថតចំរៀងកាយវិកា និង​ ថតរឿងផ្សេងៗ។ លើសពីនេះទៅទៀត ភ្នំសន្ទូចផ្តល់នូវទស្សនីយ៍ភាពនៅបឹងទន្លេសាបក្នុងការផ្តល់អារម្មណ៍យ៉ាងត្រជាក់ចិត្ត។ នៅកំពូលភ្នំមានសំណង់វត្តចិនមួយបាក់បែក ដែលជាទីកន្លែងកំសាន្តមួយដ៏ល្អរបស់អ្នកទេសចរ។
• ភ្នំក្រាំងមាស
            ភ្នំក្រាំងមាស  មានទីតាំងស្ថិតនៅចន្លោះឃុំស្រែថ្មី ឃុំស្វាយជុំ ស្រុករលាប្អៀរ នៅតាមដងផ្លូវជាតិលេខ ៥ មានចំងាយ ២គម ពីទីរួមខេត្តកំពង់ឆ្នាំង និង ១០៣គម ពីក្រុងភ្នំពេញ។ វាជារមណីយដ្ឋានធម្មជាតិ ដែលមានដើមឈើធំៗ ផ្តល់ម្លប់យ៉ាងត្រជាក់ និង ខ្យល់អាកាសត្រជាក់ល្អ។ តំបន់នេះជាកន្លែងប្រមូលផ្តុំភ្ញៀវទេសចរក្នុងស្រុក ជាពិសេសពេលបុណ្យចូលឆ្នាំខ្មែរ និង បុណ្យភ្ជុំបិណ្ឌ។
• តំបន់ទេសភាពបឹងទន្លេសាប
            តំបន់ទេសភាពបឹងទន្លេសាប មានទីតាំងស្ថិតនៅចំពីមុខផ្សារក្រោមដែលមានចំងាយ១គម ពីទីរួម  ខេត្ត។ តំបន់ភាគច្រើនជាកន្លែងអ្នកទេសចរបរទេសចង់ស្វែងយល់អំពីរបៀបនេសាទរបស់ខ្មែរយើង។ តំបន់រួមមាន ផ្ទះទឹកជាច្រើនដែលសាងសង់បណ្តែតតាមទឹកឡើង-ស្រក។ វាជាតំបន់ឡូតិ៍នេសាទត្រីនៅរដូវទឹក
ស្រក និង មានប៊ែលចិញ្ចឹមត្រី។